ពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរស័ក្តិ ជូនមន្ត្រីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ចេញផ្សាយថ្ងៃសុក្រ ទី១៧ ខែមីនា ឆ្នាំ២០២៣ ការិយាល័យនិពន្ធ 017778289=0882476167

សៀមរាប​ ៖ នៅព្រឹកថ្ងៃសុក្រ ១១រោច ខែផល្គុន ឆ្នាំខាល​ ចត្វាស័ក ពុទ្ធសករាជ ២៥៦៦​ ត្រូវនឹងថ្ងៃទី​១៧ ខែមីនា ឆ្នាំ២០២៣
នៅសាលប្រជុំនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានរៀបចំពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរស័ក្តិ ជូនមន្ត្រីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប សរុបចំនួន ២៣១នាក់ ស្រី៣៤នាក់ ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត ស្នងការនគរបាលខេត្ត និងមានការអញ្ជេីញចូលរួមពី លោក-លោកស្រីស្នងការរង លោកនាយការិយាល័យទាំង៣៣ និងលោកអធិការក្រុង-ស្រុកទាំង១២ ផងដែរ។

ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោ ស្នងការ បានថ្លែងអំណរគុណ ដល់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ក៏ដូចជាអគ្គស្នងការនគរបាលជាតិ ផងដែរ ដែលលោកតែងតែយកចិត្តទុកដាក់ជានិច្ចចំពោះកងកម្លាំងគ្រប់ៗរូប។ លោកឧត្តមសេនីយ៍ទោ ស្នងការ បានមានប្រសាសន៍លើកសរសេីរ ដល់កងកម្លាំងទាំងអស់ដែលខិតខំប្រឹងប្រែងបំពេញភារកិច្ចកន្លងមក និងបន្តយកចិត្តទុកដាក់បម្រើប្រជាពលរដ្ឋ ពិសេសសេវាសាធារណៈ បង្កើនសាមគ្គីភាពផ្ទៃក្នុង ពង្រឹងវិន័យកងកម្លាំង និងធានាឲ្យបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ ជូនថ្នាក់ដឹកនាំ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ព្រមទាំងបងប្អូនប្រជាពលរដ្ឋទូទាំងខេត្តសៀមរាប ៕