​នៃ​ទិវា​នេះ តើ​ប្រារព្ធ​ឡើង​ដើម្បី​អ្វី​?

(​ភ្នំពេញ​)៖ ទិវា​នារី​អន្តរជាតិ ឬ International Women’s Day ត្រូវបាន​ប្រារព្ធ ធ្វើ​នៅ​ថ្ងៃទី​៨ ខែ​មីនា ជា​រៀងរាល់ឆ្នាំ ដែល​ត្រូវបាន​ចាត់ទុក​ថា ជា​ថ្ងៃ​ដ៏​មាន​សារៈសំខាន់​មួយ ដែល​បាន​បង្ហាញ​ពី​ប្រវត្តិ ដ៏​អង់អាច​របស់​ស្ត្រី​នៅលើ​ពិភពលោក​។​

នៅ​ឆ្នាំ​២០២០​នេះ ជា​ខួប​ទី​១០៩ នៃ​ទិវា​នារី​អន្តរជាតិ ប្រទេស​កម្ពុជា​រៀបចំ​ទិវា​នេះ ក្រោម​ប្រធានបទ «​មាន​សន្តិភាព មាន​ការលើកកម្ពស់ មាន​សមភាព​យេនឌ័រ​»​។​

​តើ​ទិវា​នារី​អន្តរជាតិ​នេះ​មាន​ប្រវត្តិ​បែបណា ? ហេតុ​អ្វី​ចាំបាច់​រៀបចំ​ទិវា​នេះ​?
​អង្គភាព​ព័ត៌មាន សូម​លើកយក ប្រ​វតិ្ត​ទិវា​នេះ មក​ជម្រាប​ជូន​ប្រិយមិត្ត​អ្នកអាន​ដូចតទៅ​៖
​ទិវា នារី អន្តរជាតិ គឺជា​រឿង​របស់​នារី​សាមញ្ញ ដែលជា​អ្នក​កសាង​ប្រវត្តិសាស្ត្រ​។ វា​បាន​ចាក់ឫស ក្នុង​ការតស៊ូ​របស់​នា​រី អស់​ពេល​រាប់​សតវត្ស ដើម្បី​ចូលរួម​ក្នុងសង្គម ដោយ​ស្មើភាព​ជាមួយ​បុរស​។ នៅក្នុង​ប្រទេស​ក្រិច ដែល​ជា​ប្រទេស​ចំណាស់ លី​ស៊ី​ស្ត្រា​តា (Lysistrata) បាន​ផ្ដើមគំនិត​ធ្វើ​កូដកម្ម​ផ្លូវភេទ​ប្រឆាំងនឹង​បុរស ដើម្បី​បញ្ចប់​សង្គ្រាម និង​នៅ​អំឡុង​បដិវត្តន៍​បារាំង នារី​ក្នុង​ទីក្រុង​ប៉ារីស បាន​អំពាវនាវ​រក «​សេរីភាព សមភាព ភាតរភាព​» ដោយ​ដើរ​ជា​ក្បួន​ឆ្ពោះទៅ​កាន់​ទីក្រុង​វែ​រសៃ ដើម្បី​ទាមទារ​សិទ្ធិ​បោះឆ្នោត​សម្រាប់​នារី​។​

​គំនិត​នៃ​ទិវា​នារី​អន្តរជាតិ បាន​លេចឡើង​ជាដំបូង​នៅរ​បត់​នៃ​សតវត្ស ដែល​ក្នុង​ពិភព​ឧស្សាហូបនីយកម្ម គឺជា​រយៈពេល​នៃ​ដំណើរ​វាតទី និង​ចលាចល កំណើន​ប្រជាជន​យ៉ាង​ឆាប់រហ័ស និង​មនោគមវិជ្ជា មូល​វិវឌ្ឍនិយម​។​
​ប្រវត្តិ​សង្ខេបនៃ​ព្រឹត្តិការណ៍​នេះ រៀប​តាម​លំដាប់​នៃ​កាល​វេលា​ដូចខាងក្រោម​៖

* ឆ្នាំ​១៩០៩
​យោង​តាម​សេចក្ដីថ្លែងការណ៍ របស់​បក្ស​សង្គមនិយម​អាមេរិក ទិវា​នារី​ជាតិ​លើក​ទី​មួយ ត្រូវបាន​គេ​គោរព​អបអរសាទរ ទូ​ទាំង​សហរដ្ឋអាមេរិក នៅ​ថ្ងៃ ទី​២៨ ខែ​កុម្ភៈ​។ នារី​បាន​បន្ត​ធ្វើ​បុណ្យ​រំលឹក​ខួប​ទិវា​នេះ រហូត​ទៅ​ដល់​ថ្ងៃ​អាទិត្យ​ចុងក្រោយ នៃ​ខែ​នោះ​នា​ឆ្នាំ​១៩១៣​។​

* ឆ្នាំ​១៩១០
​សមាគម​សង្គមនិយម​អន្តរជាតិ ជួបប្រជុំ​គ្នា​នៅ​ទីក្រុង Copenhagen បាន​បង្កើត​ជា​ទិវា​នារី​មួយ ដែល​មាន​លក្ខណៈ​ជា​អន្តរជាតិ ដើម្បី អបអរ ចលនា ដើម្បី​សិទ្ធិនារី និង​ដើម្បី​ជួយ​សម្រេច​ឲ្យបាន នូវ​សិទ្ធិ​បោះឆ្នោត​ជា​សកល​សម្រាប់​នារី​។​

​សំណើ​នេះ​ត្រូវបាន​ទទួល អបអរ​ដោយ​មាន​ការ​អនុ​មតិ ជា​ឯកច្ឆន្ទ​ដោយ​សន្និសីទ របស់​នារី​ជាង​១០០​នាក់ មកពី​ប្រទេស​១៧ ដែល​រួមមាន​នារី​ដំបូង​គេ បី​នាក់​ត្រូវ​បាន​ជាប់ឆ្នោត​ជា​តំណាងរាស្ត្រ សភា​ហ្វាំង​ឡ​ង់​។ ពុំ​មាន​កាលបរិច្ឆេទ​ជាក់លាក់ ណាមួយ​ត្រូវបាន​ជ្រើសរើស​សម្រាប់​ធ្វើ​ពិធី​អបអរ និង​គោរព​ទិវា​នេះ​ទេ​។​

* ឆ្នាំ​១៩១១
​ជា​លទ្ធផល​នៃ​កិច្ចពិភាក្សា ដែល​បាន​សម្រេច​នៅ​ទីក្រុង Copenhagen កាលពី​ឆ្នាំមុន ទិវា​នារី​អន្តរជាតិ ត្រូវបាន​គេ​ធ្វើ​ពិធី​ទទួល​អបអរ​ជា​លើកដំបូង (​នៅ​ថ្ងៃ​ទី​១៩ ខែ​មិនា​) នៅ​ប្រទេស​អូទ្រីស ប្រទេស​ដា​ណឺ​ម៉ាក ប្រទេស​អាល្លឺម៉ង់ និង ប្រទេស​ស្វីស ដែល​ក្នុង​ប្រទេស​ទាំងនោះ មាន​នារី​និង​បុរស​ជាង​មួយ​លាន​នាក់ បាន​មក​ចូល រួម​គាំទ្រ​ទាំងអស់គ្នា​។​
​ជា​បន្ថែម​ទៅលើ​សិទ្ធិ ក្នុង​ការបោះឆ្នោត និង​សិទ្ធិ​បម្រើ​ការងារ​រដ្ឋ នារី​ទាំងនោះ​បាន​ទាមទារ ឲ្យមាន​សិទ្ធិ​ក្នុង​ការធ្វើ​ការងា​រ​សិទ្ធិ ទទួល ការ បណ្ដុះ បណ្ដាល និង​សិទ្ធិ​ក្នុង​ការបញ្ចប់​ការរើសអើង ចំពោះ​ការងារ​។ ជិត មួយ​សប្ដាហ៍​ក្រោយមក នៅ​ថ្ងៃ​ទី​២៥ ខែ​មិនា សោកនាដកម្ម​ដ៏​ខ្លោចផ្សា បណ្ដាលមកពី​អគ្គិភ័យ ឆាបឆេះ​រោងចក្រ​ត្រីកោណ​ផលិត​អាវ​ម៉ា​ដាំ រឹប​រាង នៅ​ទីក្រុង​ញី​វ​យ៉​ក​ថ្មី បាន​ផ្ដាច់​អាយុជីវិត​នារី​បម្រើការ​រោងចក្រ នោះ​អស់​ជាង​១៤០​នាក់ ដែល​ភាគច្រើន​ជា​នារី​អន្តោប្រវេសន៍ អ៊ីតាលី និង ជ្វី​ហ្វ​។​

​ព្រឹត្តិការណ៍​នេះ មាន​ផលប៉ះពាល់ យ៉ាង​ធំធេង​លើ​ច្បាប់​ការងារ​ក្នុង សហរដ្ឋអាមេរិក ហើយ លក្ខខណ្ឌ ការងារ ដែល នាំ ឲ្យ មាន គ្រោះ មហន្តរាយ​នេះ ត្រូវបាន​គេ​ស្មិង​ស្មាធិ៍ រំលឹក​ប្រតិស្ឋអធិស្ឋាន ក្នុងអំឡុង​ពិធីបុណ្យ​ជា​បន្តបន្ទាប់ ដើម្បី​រំលឹក​ទិវា​នារី អន្តរជាតិ​។​

* ឆ្នាំ​១៩១៣-១៩១៤
​ជា​ផ្នែក​មួយ​នៃ​ចលនា​សន្តិភាព ដែល​កំពុង​ប្រុងប្រៀប​ដំណើរការ​នៅពេល មុន​ព្រឹត្តិការណ៍​សង្គ្រាមលោកលើកទី​១ នារី​រុស្សី​បាន​ធ្វើ​ពិធី​រំលឹក​ខួប​ទិវា​នារី​អន្តរជាតិ របស់​គេ​ជា​លើក​ទី​១ នៅ​ថ្ងៃ​អាទិត្យ​ចុងក្រោយ ក្នុង​ខែ​កុម្ភៈ ឆ្នាំ​១៩១៣​។ នៅ​តំបន់​ផ្សេងទៀត​ក្នុង​អឺរ៉ុប នៅ​ថ្ងៃ ឬ​ប្រហែល​ថ្ងៃទី​៨ ខែ​មីនា នៃ​ឆ្នាំ​បន្ទាប់មក នារី​បាន​មក​មូល​ផ្ដុំ​ជុំគ្នា ដើម្បី ឬ​មួយ​តវ៉ា​ប្រឆាំង​នឹង​សង្គ្រាម ឬ​មួយ​ដើម្បី​សម្ដែង​សាមគ្គីភាព​ជាមួយ​បងប្អូន នារីៗ​របស់គេ​។​

* ឆ្នាំ​១៩១៧
​ជាមួយនឹង​ទាហាន​រុស្សី​២​លាន​នាក់ នារី​រុស្សី​ជាថ្មី​ម្ដងទៀត បាន​ជ្រើសរើស​យក​ថ្ងៃអាទិត្យ​ចុងក្រោយ ក្នុង​ខែ​កុម្ភៈ ដើម្បី​ធ្វើ​កូដកម្ម ទាមទារ «​ចំណី​អាហារ​ហូប​ចុក និង​សន្តិភាព​»​។ មេដឹកនាំ​នយោបាយ បាន​ជំទាស់​នឹង​ការកំណត់ ពេល​ធ្វើ​កូដកម្ម​នេះ ប៉ុន្តែ​ទោះជា​យ៉ាងណាក្ដី ក៏​នារី​ទាំងនោះ​នៅតែ​បោះជំហាន​ទៅ​មុខ​ជា​និច្ច​។​
​ប្រវត្តិ​បន្ទាប់មកទៀត​គឺ បួន​ថ្ងៃ​ក្រោយមក​ស្ដេច​រុស្សី (The Czar) ត្រូវ​បង្ខំ​ឲ្យ​ដាក់រាជ្យ ហើយ​រដ្ឋាភិបាល​បណ្ដោះអាសន្ន បាន​ផ្ដល់​សិទ្ធិ​បោះឆ្នោត​ដល់​នារី​។ ថ្ងៃអាទិត្យ​ប្រកបដោយ​អត្ថន័យ​សំខាន់ ជា​ប្រវត្តិសាស្ត្រ​នោះ​បាន ប្រព្រឹត្ត​ឡើង​ចំ​ថ្ងៃទី​២៣ ខែ​កុម្ភៈ តាម​ប្រតិទិន​ជូ​ល្យ៉ិ​នៀ (Julian Calendar = ប្រតិទិន​បង្កើត​ដោយ​រដ្ឋបុរស Julius Caesar ក្នុង​ឆ្នាំ​៤៦​មុន​គ្រិស្តសករាជ ដែល​កំណត់​ពេល​១​ឆ្នាំ​ម្ដង មាន​១២​ខែ មួយខែៗ​មាន​៣០​ឬ ៣១​ថ្ងៃ លើកលែង​តែ​ខែកុម្ភៈ​ចេញ​) ដែល​កាលនោះ ត្រូវបាន​គេ​ប្រើប្រាស់​ក្នុង​ប្រទេស​រុស្សី ប៉ុន្តែ​វា​ត្រូវ​ចំ​ថ្ងៃ​ទី​៨​មីនា តាម​ប្រតិទិន Gregorian (​គឺ​ប្រតិទិន​ជូ​ល្យ៉ិ​ន ដែល​ត្រូវ​គេ កែ​ទម្រង់​និង​ដែល​គេ​ប្រើប្រាស់​សព្វថ្ងៃ ដែល​ត្រូវ​គេ​ប្រើ​នៅ​ទី​ដទៃទៀត​។ ចាប់តាំងពី​ឆ្នាំ​ដំបូងៗ​នោះមក ទិវា​នារី​អន្តរជាតិ មាន​ទំហំ​ធំធេង​ថ្មី​ជា​សកល​សម្រាប់​នារី​ទាំងឡាយ ទាំង​នៅក្នុង​ប្រទេស​អភិវឌ្ឍន៍ ទាំង​នៅក្នុង​ប្រទេស​កំពុង​អភិវឌ្ឍ​។​

​ការរីក​ធំធាត់​នៃ​ចលនា​រី​អន្តរជាតិ ដែល​ត្រូវ​ពង្រឹង​ដោយ​សន្និសីទ​នារី ជា​សកល​របស់​អង្គការសហប្រជាជាតិ​ចំនួន​បួន បាន​ជួយ​ធ្វើឲ្យ​ពិធីបុណ្យ​រំលឹក​ខួប ទិវា​នេះ​ជា​ចំណុច​ប្រមូលផ្ដុំ​មួយ សម្រាប់​សម្របសម្រួល​កម្លាំង ដើម្បី​ទាមទារ​សិទ្ធិនារី និង​ទាមទារ​ឲ្យ​នារី អាច​ចូលរួម​ក្នុង​ដំណើរការ​នយោបាយ និង​សេដ្ឋកិច្ច​។​

​ទិវា​នារី​អន្តរជាតិ កាន់តែ​ប្រែ​ក្លាយទៅជា​ពេលវេលា​មួយ សម្រាប់​ឆ្លុះបញ្ចាំង លើ​ការរីកចម្រើន​ដែល​ទទួលបាន ដើម្បី​អំពាវនាវ​ឲ្យមាន​ការប្រែប្រួល និង​ធ្វើ​ពិធី​អបអរសាទរ សកម្មភាព​ទាំងឡាយ ដែល​ធ្វើ​ដោយ​សេចក្ដីក្លាហាន និង​ការប្ដេជ្ញា​ចិត្ត​ដោយ​នារី​សាមញ្ញ ដែល​បាន​បំពេញ​តួនាទី​វិសាមញ្ញ ក្នុង​ប្រវត្តិសាស្ត្រ​នៃ​សិទ្ធិ​របស់​នារី​៕