អាវុធហត្ថខេត្តសៀមរាប បានឃាត់​ខ្លួន​ជនសង្ស័យពាក់ព័ន្ធលួចម៉ូតូយ៉ាងសកម្ម បញ្ជូនទៅ​សាលាដំបូងខេត្ត

ខេត្តសៀមរាប៖ កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ អាវុធហត្ថខេត្តសៀមរាប បានទទួលបណ្តឹងផ្ទាល់មាត់ពីប្រជាពលរដ្ឋតាមរយៈលេខទូរស័ព្ទបន្ទាន់ ១២៩៦ ដើម្បីសុំកិច្ចអន្តរាគមន៍ ថាមានក្មេងមួយក្រុមជិះម៉ូតូគ្មានស្លាកលេខ និងសួររកអ្នកទិញម៉ូតូ។ បន្ទាប់ពីទទួលបានបណ្ដឹង កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តសៀមរាប បានចុះធ្វើការស្រាវជ្រាវរហូតដល់វេលាម៉ោង ១១:៣០នាទី ថ្ងៃទី១៨ខែវិច្ឆិកា ឆ្នាំ២០២៥ ទើបឈានដល់ការកំណត់មុខសញ្ញាដែលធ្វើសកម្មភាពលួចម៉ូតូយ៉ាងសកម្ម និងឃាត់ខ្លួនជនសង្ស័យបានចំនួន០២នាក់ នៅចំណុចផ្លូវសួនសត្វ ភូមិមណ្ឌល៣ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។ វត្ថុតាងចាប់យក : ម៉ូតូចំនួន០២គ្រឿង។

ក្រោមវិធានការជំនាញជនសង្ស័យទាំង០២នាក់ខាងលើ បានសារភាពដូចៗគ្នាថា ពួកខ្លួនពិតបានធ្វើសកម្មភាពលួចម៉ូតូចំនួន០២លើកពិតប្រាកដមែន ដោយលើកទី១ ក្នុងអំឡុងចុង ខែតុលាឆ្នាំ ២០២៥ បានធ្វើសកម្មភាពលួច នៅជិតផ្សារហ៊ុយឡេង ភូមិតាភុល សង្កាត់ស្វាយដង្គំ និងលើកទី២ លួចនៅ ភូមិកសិកម្ម សង្កាត់ស្រង៉ែ ក្រុងសៀមរាប ខេត្តសៀមរាប។

ជនសង្ស័យទាំង០២នាក់ខាងលើ ត្រូវបានការិយាល័យជំនាញកងរាជអាវុធហត្ថខេត្តសៀមរាប កសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តសៀមរាប ដើម្បីចាត់ការតាមនីតិវិធី។

ដូច្នេះក្នុងនាមជាសមត្ថកិច្ច អាវុធហត្ថខេត្តសៀមរាប អំពាវនាវដល់មហាជនសូមមេត្តាប្រុងប្រយ័ត្នចំពោះទ្រព្យសម្បត្តិមានតម្លៃផ្សេងៗ ជាពិសេសករណីទុកម៉ូតូចោលដោយធ្វេសប្រហែស ដែលធ្វើឲ្យជនឆ្លៀតឱកាស មានឱកាសធ្វើសកម្មភាពលួចយកទៅបាត់ដោយស្រួល៕