
អ្នកស្រុកអង្គរ នៅតែបន្ដធ្វើពិធីចាប់ត្រីរួមគ្នា សម្រាប់ប្រារព្វពិធីឡើងមាឃ
ខេត្តសៀមរាប៖ ពិធីចាប់ត្រីរួមគ្នាសម្រាប់ពិធីបុណ្យឡើងមាឃ គឺជាប្រពៃណី ទំនៀមទំលាប់មួយ ដែលបងប្អូនក្នុងតំបន់អង្គរ បានប្រកាន់យ៉ាងខ្ជាប់ខ្ជួននោះ តែងតែរួមគ្នាប្រារព្វជារៀងរាល់ឆ្នាំតពីបុរាណកាលមកមិនដែលខកខានឡើយ។ ក្នុងពិធីចាប់ត្រីនោះ នៅពេលព្រឹកព្រលឹមស្រាងៗ ប្រជាពលរដ្ឋមានចាស់ ក្មេង ប្រុស ស្រីជាច្រើនរយនាក់ ក្នុងដៃមានកាន់ សំណាញ់ អង្រុត ឈ្នាង និងទ្រុង បានមកជួបជុំគ្នា ដោយគណៈកម្មការបានកំណត់ការជួបជុំគ្នា និងចុះចាប់ត្រី នៅម៉ោង៧ព្រឹក ដែលមានបាញ់កាំជ្រួចធ្វើជាសញ្ញាផង ។ នៅចុងសប្តាហ៍ព្រឹកថ្ងៃទី៩ ខែកុម្ភៈឆ្នាំ២០២៥នេះ មិនខុសពីរៀងរាល់ឆ្នាំប៉ុន្មានឡើយ គណៈកម្មការរៀបចំកម្មវិធី បានប្រកាសជាសាធារណៈ ឲ្យចាប់ត្រីរួមគ្នានៅក្នុងបឹងសហគមន៍ ស្ថិតនៅភូមិបង្កោង ឃុំអំពិល ស្រុកប្រាសាទបាគង ជាតំបន់រមណីដ្ឋានអង្គរ ខេត្ដសៀមរាប ដោយមានអ្នកចូលរួមមកពីគ្រប់ទិសទីយ៉ាងច្រើនកុះករ ។
លោក ពេជ្រ ឃិន មេភូមិបង្កោង ឃុំអំពិល ស្រុកប្រាសាទបាគង បានឲ្យដឹងថា ពិធីចាប់ត្រីរួមគ្នា នៅក្នុងបឹង សហគមន៍ ដែលត្រូវបានអភិរក្ស ថែរក្សាដោយគណៈកម្មាការក្នុងភូមិ សម្រាប់យកធ្វើម្ហូបអាហារ ឬធ្វើទឹកសម្លរនំបញ្ចុកនៅក្នុងពិធីឡើងមាឃនោះ ដែលប្រជាពលរដ្ឋរស់នៅភូមិបង្កោង បានប្រកាន់ភ្ជាប់យ៉ាងខ្ជាប់ខ្ជួន តាំងពីបុរាណមកមិនដែលខកខានឡើយ ។ លោកថា ពិធីចាប់ត្រីរួមគ្នានៅឆ្នាំ២០២៥នេះ មិនខុសប្លែកពីរាល់ៗឆ្នាំប៉ុន្មានឡើយ ដោយទឹកនៅក្នុងបឹងសហគមន៍សម្រាប់ឆ្នាំនេះហាក់សំបូរត្រីច្រើនជាងឆ្នាំមុនព្រោះកាលពីរដូវវស្សាកន្លងមក អាជ្ញាធរបានព្រលែងត្រីជាច្រើនប្រភេទប្រមាណ១ម៉ឺនក្បាលនៅក្នុងបឹង ដែលធ្វើឲ្យអ្នកចូលរួមចាប់ត្រីពីក្នុងបឹងសហគមន៍នេះ មានភាពសប្បាយរីករាយ ។ លោកបន្តថា ឆ្នាំនេះមានភាពកុះកជាងឆ្នាំមុន ដោយបើកឲ្យចាប់ត្រីជាសាធាណៈ ដោយមិនគិតថា ប្រជាពលរដ្ឋនៅក្នុងសហគមន៍ ឬនៅមកពីទីជិតឆ្ងាយនោះទេ គឺពួកគាត់អាចរកត្រីបានដូចគ្នា ដោយប្រើប្រាស់តែឧបករណ៍បុរាណទាំងអស់ រួមមានដូចជា ឈ្នាង អង្រុត និងសំណាញ់ជាដើម ។ លោកបន្ថែមថា សម្រាប់ទិន្នផលត្រីឆ្នាំនេះ មានប្រហាក់ប្រហែលនឹងឆ្នាំមុន ប៉ុន្តែដោយសារឆ្នាំនេះអ្នកចុះចាប់មានចំនួនច្រើន អញ្ចឹងហើយអ្នកចាប់បានម្នាក់បន្តិចៗ។លោកបន្តថា ប្រជាពលរដ្ឋនឹងបន្ដថែរក្សាប្រពៃណីដូនតាចាប់ត្រីនេះជារៀងរហូត ដើម្បីទាក់ទាញអ្នកទេសចរទៅកម្សាន្ដ ដោយពួកគាត់ នឹងអភិរក្សត្រីក្នុងបឹងសហគមន៍មួយនេះនៅឆ្នាំក្រោយៗទៀត ។
លោក សូរ ប្លាតុង អភិបាលស្រុកប្រាសាទបាគង មានប្រសាសន៍ថា បឹងសហគម៍មួយនេះ ត្រូវបានព្រលែងកូនត្រីប្រមាណមួយម៉ឺនក្បាលកាលពីរដូវវស្សាកន្លងមក ហើយបានអភិរក្សបានយ៉ាងល្អ ដែលធ្វើឲ្យក្នុងបឹងរក្សាបានកំណើនត្រីច្រើនគួរឲ្យកត់សំគាល់ ។លោកបន្តទៀតថា ពិធីចាប់ត្រីសហគមន៍ឆ្នាំនេះ មានមនុស្សចូលរួមច្រើន ដោយសារអាជ្ញាធរ បានប្រកាសចាប់ត្រីប្រពៃណីនេះជាសាធារណៈ ដោយមិនប្រកាន់អ្នកមកពីទីជិតឆ្ងាយឡើយ ។ លោកបានបន្តថា ពិធីនេះមានសារៈសំខាន់ណាស់ទី១ រក្សាបានវប្បធម៌ប្រពៃណី ទំនៀមទម្លាប់ របស់ដូនតាយើង, ទី២.ទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិឲ្យពួកគាត់មកឃើញ អំពីទំនៀមទម្លាប់ និងអ្វីដែលយើងបានអភិរក្សនេះ ព្រោះស្រុកប្រាសាទបាគង ជាស្រុកមរតកវប្បធម៌ និងទី៣នៅពេលគេស្គាល់កន្លែងយើងច្រើន ប្រជាសហគមន៍ និងទទួលបានចំណូល ហើយក៏មានការអភិវឌ្ឍនៅមូលដ្ឋានយើងជាបន្តបន្ទាប់ផងដែរ ។ លោកបានបន្តថា កាលពីមុនពិធីចាប់ត្រីនេះ អ្នកមកចូលរួមគឺមានអ្នកភូមិបង្កោងប៉ុណ្ណោះ ប៉ុន្តែឥឡូវដោយមានការផ្សព្វផ្សាយបានទូលំទូលាយ ធ្វើឲ្យមានការចូលរួមច្រើនមកពីគ្រប់ទិសទី មានទាំងភ្ញៀវទេសចរបរទេសផងដែរ។ ដូចនេះ អាជ្ញាធរមានគម្រោងបន្តលេងកូនត្រីនៅក្នុងបឹងនេះបន្ថែមហើយដល់ខែទឹកឡើងដាក់ព្រួលការពារកុំឲ្យត្រី នៅក្នុងបឹងនេះកុំឲ្យត្រីចេញទៅខាងក្រៅ ។ ជាពិសេសនោះ គឺអាជ្ញាធរមានគម្រោងរៀបចំធ្វើយ៉ាងម៉េចឲ្យប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាននេះទទួលបានចំណូលដោយផ្ទាល់ទៀតផង ៕តំឡើងចែករំលែកព័ត៍មានដោយលោកលុចណាម