
សមត្ថកិច្ចឃាត់ខ្លួនបុរសម្នាក់លក់ស៊ីមកាតដោយមិនទទួល យកឯកសារសម្គាល់អត្តសញ្ញាណ របស់អ្នកទិញ ដែលជនល្មើសអាចយកទៅធ្វើសកម្មភាពផ្សេងៗ
រាជធានីភ្នំពេញ៖ សមត្ថកិច្ចបានឃាត់ខ្លួនបុរសលក់ស៊ីមមកាតម្នាក់ ដោយមិនទទួលយកឯកសារសម្គាល់អត្តសញ្ញាណ របស់អ្នកទិញ ដោយជនល្មើសយកទៅធ្វើសកម្មភាព ខលទៅឆបោកអ្នកដទៃ ដូចជាការសម្តែងមានបងប្អូនមិត្តភក្តិ គ្រោះថ្នាក់ចរាចរណ៍ និងខលសម្តែងត្រូវរង្វាន់ផ្សេងៗផងដែរ ។
ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងមានការសម្របសម្រួលនីតិវិធី ពីលោក សេង ហៀង ព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ ។លោកឧត្តមសេនីយ៍ទោ ប៊ុន សុសិក្ខា ស្នងការរងទទួលផែនការងារសន្តិសុខ កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ បានដឹកនាំសមត្ថកិច្ចជំនាញការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយកម្លាំងនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានចុះឃាត់ខ្លួនអ្នកលក់ស៊ីមកាតមួយកន្លែង ពាក់ព័ន្ធករណីលក់ស៊ីមកាតទូរស័ព្ទទៅឱ្យអ្នកប្រើប្រាស់ អតិថិជន ដោយមិនយកអត្តសញ្ញាណប័ណ្ណនិងប្រើប្រាស់អត្តសញ្ញាណប័ណ្ណអ្នកដទៃ ដើម្បីចុះឈ្មោះប្រើប្រាស់ប្រព័ន្ធស៊ីមកាតទូរស័ព្ទ ទុកលក់ទៅឱ្យអតិថិជនបន្តដែលគ្មានអត្តសញ្ញាណប័ណ្ណ ដោយអតិថិជននោះបានប្រើប្រាស់ស៊ីមកាតដែលទិញពីជនសង្ស័យ៖ខាងលើ យកទៅធ្វើសកម្មភាព ខលទៅឆបោកអ្នកដទៃ ដូចជាការសម្តែងមានបងប្អូនមិត្តភក្តិ គ្រោះថ្នាក់ចរាចរណ៍ និងខលសម្តែងត្រូវរង្វាន់ផ្សេងៗផងដែរ ជនសង្ស័យ៖ឈ្មោះ ឈ្នាង សុវ័ន ភេទប្រុស ជនជាតិខ្មែរ ស្នាក់នៅផ្ទះលេខ៦១អា ផ្លូវទួលពង្រ ភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ត្រូវបានបញ្ជូនខ្លួនមកកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីធ្វើការសាកសួរបន្ត ដើម្បីចាត់ការតាមនីតិវិធី។
សមត្ថកិច្ចស្នើសុំដល់អាជីវករប្រកបមុខរបរលក់ស៊ីមកាត រាល់ការលក់ដូរស៊ីមកាតត្រូវមានឯកសារ និងធ្វើការ ចុះឈ្មោះ ឱ្យបាន ត្រឹមត្រូវ ដើម្បីជៀសវាងចូលរួមចំណែកប្រព្រឹត្តអំពើខុសច្បាប់ ឬឃុបឃិតជាមួយជនទុច្ចរិតដោយប្រយោល៕