
កម្លាំងអាវុធហត្ថរាជធានីភ្នំពេញឃាត់ខ្លួនក្រុមបុគ្គលិកអង្គការអភិរក្សបរិស្ថាន និងអភិវឌ្ឍន៍ជនបទចំនួន០៥នាក់ ពាក់ពន្ធ័គំរាមទារប្រាក់ពីអ្នកលក់សត្វព្រៃ
រាជធានីភ្នំពេញ៖ បុគ្គលិកអង្គការអភិរក្សបរិស្ថាន និងអភិវឌ្ឍន៍ជនបទ ដែលមានកាន់ឯកសារចុះឈ្មោះក្នុងបញ្ជីអង្គការមិនមែនរដ្ឋាភិបាល បានបញ្ជាទិញសាច់សត្វព្រៃពីប្រជាពលរដ្ឋ យកមកចែកគ្នាហូបអស់ រួចហើយគំរាមទារប្រាក់ថែមទៀត ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនអ្នកពាក់ព័ន្ធ ០៥នាក់ បញ្ជូនទៅតុលាការ កាលពីយប់ ថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៥ អាវុធហត្ថរាជធានីភ្នំពេញ បានទទួលព័ត៌មានពីប្រជាពលរដ្ឋតាមរយៈលេខទូរស័ព្ទបន្ទាន់ ១២៩១ ថា៖ មានករណីបន្លំធ្វើជាអ្នកបញ្ជាទិញសាច់សត្វព្រៃហើយឃាត់ខ្លួនប្រជាពលរដ្ឋជាអ្នកលក់នោះដើម្បីគំរាមទារប្រាក់ថែមទៀត ករណីនេះកើតឡើងនៅចំណុចភូមិត្រពាំងគល់ សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។ បន្ទាប់ពីទទួលបានព័ត៌មានខាងលើ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជាឱ្យកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌកំបូល និងកម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌ ចូលរួមសហការជាមួយ គណៈបញ្ជាការឯកភាពខណ្ឌដំបូល ចុះដល់ទីតាំងកើតហេតុ ដើម្បីធ្វើការស្រាវជ្រាវរហូតឃាត់ខ្លួនបានមនុស្សចំនួន ០៥នាក់ ជាបន្តបន្ទាប់ រួមមាន ៖ ១.ឈ្មោះ គង់ សឿន ភេទប្រុស អាយុ៤៩ឆ្នាំមុខរបរ ប្រធានអង្គការអភិរក្សបរិស្ថាន និងអភិវឌ្ឍន៍ជនបទ, ២.ឈ្មោះ ពិន សារុំ ភេទប្រុស អាយុ ៥១ឆ្នាំ, ៣.ឈ្មោះ ប៉ាក សុភាពភេទប្រុស អាយុ ៤៦ឆ្នាំ, ៤.ឈ្មោះ គាន សំអឿន ភេទប្រុស អាយុ ៣៩ឆ្នាំ, ៥.ឈ្មោះ ខៀវ ហុន ភេទប្រុស អាយុ៤៩ឆ្នាំ បុគ្គលទាំង០៤នាក់នេះជាបុគ្គលិកអង្គការអភិរក្សបរិស្ថាន និងអភិវឌ្ឍន៍ជនបទ នាំយកមកមូលដ្ឋានអាវុធហត្ថខណ្ឌ ដើម្បីសាកសួរពីដំណើររឿង និងចាត់ការតាមនីតិវិធី។
ក្រោមវិធានការជំនាញ ជនសង្ស័យទាំង០៥នាក់ បានឆ្លើយសារភាពឱ្យដឹងដូចៗគ្នាថា៖ ក្រុមខ្លួនពិតជាមានការចាត់តាំងរៀបចំគម្រោងធ្វើការឃាត់ខ្លួនស្ត្រីអ្នកលក់សត្វព្រៃម្នាក់ ដោយចាប់យកសត្វអណ្ដើក ០៥ក្បាល ពស់វែក ០១ក្បាល និងពស់ចាន់ល្មម០២ក្បាល ព្រមទាំងបានគំរាមទារប្រាក់ចំនួន ០៥លានរៀល តែស្ត្រីនោះសុំត្រឹមចំនួន ៣០០ដុល្លារអាមេរិក ជាថ្នូរឲ្យស្ត្រីម្នាក់នោះរួចខ្លួនត្រឡប់ទៅលំនៅដ្ឋានវិញប្រាកដមែន ហើយប្រាក់ចំនួន ៣០០ដុល្លារនោះ ពួកខ្លួនបានចែកគ្នា បានម្នាក់ជាង ២០ម៉ឺនរៀល រីឯសាច់សត្វដែល
ពួកខ្លួនបានចាប់នោះពួកខ្លួនយកទៅចែកគ្នាហូបអស់ហើយ។ កន្លងមកមានករណីបទល្មើសកើតឡើង ពួកខ្លួនតែងតែទទួលយកលុយពីពួកឈ្មួញដែលបានសូកប៉ាន់ ជាច្រើនលើកច្រើនសារ។ ជនសង្ស័យទាំង០៥នាក់ ត្រូវបានកម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌនៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ កសាងសុំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕ដោយលុចណាម