
រោះតែរឿងជម្លោះព្រំដីស្រែត្រឹម៣តឹក និងរឿងប្រចណ្ឌផងនោះ ធ្វើឲ្យតាអាចារ្យម្នាក់ជាប់ខ្នោះ ចំណែកបុរស ម្នាក់ទៀតរងរបួសធ្ងន់ត្រូវបញ្ជូនទៅមន្ទីរពេទ្យ
ខេត្តកណ្តាល ៖ ព្រោះតែជម្លោះព្រំដីស្រែ និងភ្លើងប្រចណ្ឌ នាំឲ្យលោកតាអាចារ្យម្នាក់ ចងគំនុំហើយឈានទៅដល់ការលបកាប់ប្រហារជនរងគ្រោះរបួសធ្ងន់សង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យកាល់ម៉ែត កាលពីវេលាម៉ោង ១២នឹង៣០នាទី កាលពីថ្ងៃទី១៩ ខែកុម្ភៈឆ្នាំ២០២៥ ពេលដែលជនរងគ្រោះកំពុងដេកនៅលើអង្រឹងក្រោមផ្ទះ ក្នុងភូមិស្វាយអំពារ ឃុំស្វាយអំពារ ស្រុកមុខកំពូល ខេត្តកណ្ដាល។ លោកវរសេនីយ៍ឯក ឯក លន់ អធិការនគរបាលស្រុកមុខកំពូល បានប្រាប់ថា៖ជនរងគ្រោះមានឈ្មោះ ស កែវ ភេទប្រុស អាយុ៦៨ឆ្នាំ មុខរបរកសិករ រស់នៅភូមិឃុំកើតហេតុ ដោយរងរបួសធ្ងន់ ចំណែកជនសង្ស័យ៖មាន ឈ្មោះ ម៉ា ដុស អាយុ៨៨ឆ្នាំ មុខរបរអាចារ្យវត្ត និងមានទីលំនៅក្បែរជនរងគ្រោះ។ អធិការនគរបាលបានប្រាប់ថា៖កាលពីអំទ្បុងឆ្នាំ២០២៣ ជនរងគ្រោះ និងប្រពន្ធរបស់ជនសង្ស័យ៖ឈ្មោះ មៀច អឿន បានទៅវាស់បោះបង្គោលព្រំដីស្រែ ដែលមានព្រំដីជាប់គ្នា ហើយដីរបស់ជនសង្ស័យ៖បាត់អស់ ៣តឹក ពេលនោះជនសង្ស័យ ក៏ចាប់ផ្ដើមខឹងគំគួនជនរងគ្រោះ និងប្រចណ្ឌរករឿងប្រពន្ធរបស់ខ្លួនថា៖បានសាហាយស្មន់ជាមួយជនរងគ្រោះចាប់តាំងពីពេលនោះមក។ ជនសង្ស័យតែងតែជេរដៀមដាមប្រពន្ធ រឿងលួចលាក់សាហាយស្មន់ ជាមួយជនរងគ្រោះ តែជនរងគ្រោះ និងប្រពន្ធរបស់ជនសង្ស័យ ពុំមានទំនាក់ទំនងសាហាយស្មន់ជាមួយគ្នានោះទេ។
លុះនៅថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៥ ជនសង្ស័យបានរករឿងជេរប្រពន្ធរឿងសាហាយស្មន់នៅផ្ទះជនរងគ្រោះ។ ពេលនោះជនរងគ្រោះបានសួរនាំជនសង្ស័យ៖ ហើយក៏មានការទាស់ប្រកែកពាក្យសម្ដីគ្នា រហូតជនសង្ស័យ៖បានបបួលជនរងគ្រោះកាប់គ្នា តែជនរងគ្រោះមិនបានតបតអីទេ។ ជនសង្ស័យបានបោះពាក្យសម្ដីថា៖ កុកហើរលើមេឃ គង់អីនិងជាប់ជុង។ ក្រោយពីមានទំនាស់ពាក្យសម្ដីជាមួយជនរងគ្រោះ ជនសង្ស័យ៖បានរករឿងប្រពន្ធរបស់ខ្លួនកាន់តែខ្លាំង ហើយចាប់ពីថ្ងៃនោះមកប្រពន្ធជនសង្ស័យ៖លែងហ៊ាននៅផ្ទះជាមួយ គឺបានទៅរស់នៅផ្ទះកូនប្រុសឈ្មោះ ជា វណ្ណៈ ដែលនៅភូមិជាមួយគ្នា។ លោកអធិការស្រុកបានបន្តថា៖ ស្រាប់តែនៅថ្ងៃកើតហេតុវេលាម៉ោង ១២៖នឹង៣០នាទីថ្ងៃទី១៩ ខែកុម្ភៈឆ្នាំ២០២៥ ពេលជនរងគ្រោះកំពុងដេកនៅលើអង្រឹងក្រោមផ្ទះរបស់ខ្លួនតែម្នាក់ឯង ជនសង្ស័យ៖ឃើញឱកាសល្អ ក៏យកកាំបិតខ្វែវដែលទុកនៅក្នុងរោងខាងមុខផ្ទះ ទៅលបកាប់ជនរងគ្រោះកំពុងដេកលើអង្រឹងចំនួន១កាំបិតចំទ្រូង។ ភ្លាមៗហើយជនរងគ្រោះ ក៏បានរត់ចុះពីលើអង្រឹងទៅមុខផ្ទះ រួចជនសង្ស័យ៖បានរត់ដេញ តាមកាប់ជនរងគ្រោះ១កាំបិតទៀតពីក្រោយ ត្រូវចំក្បាលផ្នែកខាងក្រោយ បណ្ដាលឲ្យជនរងគ្រោះដួលនៅមុខផ្ទះ។ ពេលនោះជនរងគ្រោះបានស្រែកឲ្យគេជួយហើយក៏ត្រូវជនសង្ស័យ៖កាប់ទៅលើជនរងគ្រោះចំនួន២កាំបិតបន្ថែមទៀត ត្រូវចំស្មាចំនួន១កន្លែង និងត្រូវចំក្រោមកញ្ចឹងកចំនួន១កន្លែង ហូរឈាមស្រោចពេញខ្លួន រងរបួសធ្ងន់ បន្ទាប់មកក៏ត្រូវបានអ្នករស់នៅក្បែរខាង បានស្រែកឆោឡោនាំគ្នាជួយ។ពេលនោះជនសង្ស័យ៖ក៏បានដើរមកផ្ទះរបស់ខ្លួន យកកាំបិតទៅទុកនៅក្រោមផ្ទះ ក្នុងពេល កម្លាំងសមត្ថកិច្ចប៉ុស្ដិ៍នគរបាលរដ្ឋបាលស្វាយអំពារ ក៏បានមកដល់កន្លែងកើតហេតុ ហើយធ្វើការឃាត់ខ្លួនជនសង្ស័យ៖ និងវត្ថុតាងយកមកប៉ុស្តិ៍តែម្ដង ចំណែកជនរងគ្រោះដោយរងរបួសធ្ងន់ត្រូវបានសាច់ញាតិបញ្ជូនទៅសង្រ្កោះបន្ទាន់នៅមន្ទីរពេទ្យកាល់ម៉ែត្ររាជធានីភ្នំពេញ។
ក្រោយពីធ្វើការសួរនាំ ជនសង្ស័យ៖បានឆ្លើយសារភាពថា៖ខ្លួនពិតជាបានធ្វើសកម្មភាពកាប់ទៅលើជនរងគ្រោះពិតប្រាកដមែន។លោកតាអាចារ្យដែលជាជនសង្ស័យ៖ត្រូវបានឃាត់ខ្លួនបណ្ដោះអាសន្ននៅ កសាងសំណុំរឿងបន្តចាត់ការតាមនីតិវិធី៕