កងរាជឣាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យម្នាក់ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីឆបោក ក្លែងបន្លំឯកសារសាធារណៈ និងប្រើប្រាស់ឯកសារក្លែង

ខេត្តបន្ទាយមានជ័យ៖ នៅវេលាម៉ោង១៥ និង០០នាទី ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥ ជនរងគ្រោះឈ្មោះសូល រិទ្ធ ភេទប្រុសអាយុ៣៦ឆ្នាំ មុខរបរមន្រ្តីកងរាជអាវុធហត្ថ មានទីលំនៅនៅភូមិចំការឪឡឹក សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញបាននាំឈ្មោះ សែម ម៉ាប់ ភេទប្រុស អាយុ៣០ឆ្នាំ បច្ចុប្បន្នស្នាក់នៅមណ្ឌល៧ ភូមិប្រជាធម្មកើត សង្កាត់អូរឬស្សី ក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ មកកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត និងប្ដឹងជនសង្ស័យ ស្ដីពីករណីឆបោក ព្រោះលក់រថយន្ត១គ្រឿង ម៉ាកឡង់គ្រីស្ស័រ ផលិតឆ្នាំ២០១០ ឡើងសេរីឆ្នាំ២០២២ឱ្យរូបខ្លួនដោយប្រើប្រាស់ឯកសារក្លែងក្លាយ ក្នុងតម្លៃ៣១០០០ដុល្លារអាមេរិក កាលពីថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៣ នៅចំណុចការ៉ាស់សាំងភីធីធី ស្ថិតក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានឱ្យដឹងថា ក្រោយកម្លាំងជំនាញសួរនាំទៅលើជនសង្ស័យ ដោយជនសង្ស័យទទួលស្គាល់ថាខ្លួនពិតជាបានលក់រថយន្តដោយប្រើប្រាស់ឯកសារក្លែងក្លាយហើយ លោកបានរាយការណ៍ជូនលោកឧត្ដមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ និងទទួលបានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញា នៃអយ្យកាអមសាលាដំបូងខេត្តផងនោះ ទើបមន្ត្រីនគរបាលយុត្តិធម៌កងរាជអាវុធហត្ថក្រុង ធ្វើការឃាត់ខ្លួនជនសង្ស័យរូបនោះភ្លាមៗតែម្ដង ហើយកសាងសំណុំរឿងបញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ចាត់កាបន្តតាមនីតិវិធី។

លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មេីសបានឱ្យដឹងថា បច្ចុប្បន្ន ជនសង្ស័យត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យហើយ  ដើម្បីអនុវត្តតាមនីតិវិធី៕