
លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្ត អញ្ជើញចូលរួមដឹកនាំកិច្ចប្រជុំ ស្ដីពីការពង្រឹងប្រសិទ្ធភាពការងារគ្រប់គ្រងជនបរទេសក្នុងខេត្តសៀមរាប
ខេត្តសៀមរាប៖ នៅព្រឹកថ្ងៃអង្គារ ៦កើត ខែផល្គុន ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៥ វេលាម៉ោង០៨នឹង៣០នាទី នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្ត លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប អញ្ជើញចូលរួមដឹកនាំកិច្ចប្រជុំ ស្ដីពីការពង្រឹងប្រសិទ្ធភាពការងារគ្រប់គ្រងជនបរទេសក្នុងខេត្តសៀមរាបក្រោមអធិបតីភាព ឯកឧត្ដម សំកុល សុចិត្រា អភិបាលរងខេត្ត និងជាប្រធានក្រុមប្រតិបត្តិការត្រួតពិនិត្យជនបរទេសខេត្តសៀមរាបតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តសៀមរាប។ ក្នុងនោះដែលក៏មានការចូលរួមពីលោកស្នងការរង លោកនាយកទីចាត់ការរដ្ឋបាលខេត្ត លោក–លោកស្រី អភិបាលរង ក្រុង.ស្រុក លោកនាយការិយាល័យ និងមន្រ្តីចំណុះផែនការងារអន្តោប្រវេសន៍ លោកអធិការ–អធិការរង នគរបាលក្រុង.ស្រុកដែលពាក់ព័ន្ធ និងលោកនាយប៉ុុស្តិ៍នគរបាលរដ្ឋបាលទាំង១០០ផងដែរ។
ជាកិច្ចចាប់ផ្តើមលោកឧត្តមសេនីយ៍ត្រី តូច សុគន្ធ ស្នងការរងទទួលផែនការងារអន្តោប្រវេសន៍ អានប្រកាសលេខ១៧៥០ប្រក, ប្រកាសលេខ១៧៤៩ និងសេចក្តីណែនាំលេខ០៤៤សណន របស់ក្រសួងមហាផ្ទៃ។ ជាកិច្ចបន្តលោកឧត្តមសេនីយ៍ទោ ស្នងការ បានអានរបាយការណ៍សង្ខេប និងបាន បញ្ជាក់ផងដែលថា៖ការងារគ្រប់គ្រងជនបរទេសនេះ ជាកិច្ចការងារមួយដែលមានសារៈសំខាន់ក្នុងការចូលរួមចំណែកការពារធានាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ដែលរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងមហាផ្ទៃ បានយកចិត្តទុកដាក់ក្នុងការពង្រឹងប្រសិទ្ធភាព នៃការគ្រប់គ្រងនេះឱ្យបានច្បាស់លាស់ ដើម្បីធានាបាននូវទិន្នន័យនិងគោលដៅស្នាក់នៅជាក់លាក់ សំដៅរកឱ្យឃើញជនបរទេសលួចស្នាក់នៅខុសច្បាប់ ជនបរទេសជាមុខសញ្ញាប្រព្រឹត្តិបទល្មើសផ្សេងៗ ជនបរទេសជាមុខសញ្ញាមានដីកាស្វែងរកចាប់ខ្លួន ជនបរទេសជាមុខសញ្ញ នៅក្នុងបញ្ជីអន្តោប្រវេសន៍ ជាពិសេសមុនសញ្ញាប្រព្រឹត្តិបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ (SCAM ONLINE) ជាដើម។ លោកឧត្តមសេនីយ៍ទោ ស្នងការ បានបន្តទៀតថា៖ដើម្បីសម្រេចបានជោគជ័យតាមទិសដៅរបស់រាជរដ្ឋាភិបាល និងក្រសួងមហាផ្ទៃ ការងារនេះទាមទារឱ្យមានការចូលរួមពីគ្រប់តួអង្គពាក់ព័ន្ធដូចជា រដ្ឋបាលក្រុង.ស្រុកអាជ្ញាធរដែនដី ជាពិសេសគឺបងប្អូនប្រជាពលរដ្ឋដែលប្រកបរបរទទួលទានពាក់ព័ន្ធនឹងការផ្តល់សេវាស្នាក់នៅឱ្យជនបរទេស។
ក្នុងកិច្ចប្រជុំនាឱ្យកាសនោះដែល ឯកឧត្តម អភិបាលរងខេត្ត និងជាប្រធានក្រុមប្រតិបត្តិការត្រួតពិនិត្យជនបរទេសខេត្តសៀមរាបបានមានមតិបូកសរុប និងមានប្រសាសន៍ណែនាំផ្តល់នូវបទពិសោធន៍ល្អ ដើម្បីជាដំណោះស្រាយក្នុងកិច្ចការងារប្រឈមផ្សេងៗ។ជាកិច្ចបញ្ចប់ ឯកឧត្តម អភិបាលរងខេត្ត បានជូនពរដល់ លោក–លោកស្រី សមាជិក សមាជិការ នៃអង្គពិធីទាំងមូល មានសុខភាពល្អជោគជ័យគ្រប់ភារកិច្ច និងទទួលបាននូវពុទ្ធិពរទាំងបួនប្រការ គឺអាយុវណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡេីយ ៕ដោយ៖លុចណាម