
ករណីផ្ទះអាវុធនៅក្រុងកំពង់ចាម ជាប្រតិបត្តិបង្ក្រាបជនសង្ស័យប្លន់ម៉ូតូ
ខេត្តកំពង់ចាម៖ ឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានឲ្យដឹងនៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥នេះថា ថ្ងៃនេះវេលាម៉ោង៦ជាងពេលព្រឹក មានករណីផ្ទះអាវុធបណ្តាលឱ្យរបួសនគរបាល១រូបចំភ្លៅ នៅភូមិឡតិ៍ឥដ្ឋ សង្កាត់បឹងកុក ក្រុងកំពង់ចាម ខេត្តកំពង់ចាម មូលហេតុកម្លាំងនគរបាលបានប្រតិបត្តិបង្ក្រាបជនសង្ស័យប្លន់ម៉ូតូ។ ដោយសារជនសង្ស័យបានអះអាងថា៖ខ្លួនជាអតីតកងរាជអាវុធហត្ថ ទើបកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ចាម បានសហការជាមួយកម្លាំងនគរបាលខេត្តកំពង់ចាម ដឹកនាំដោយឯកឧត្តមប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត និងឯកឧត្តម ព្រះរាជអាជ្ញា បានឃាត់ខ្លួនជនសង្ស័យ១នាក់។
ជនសង្ស័យ៖ឈ្មោះ អែម នាង ហៅប្រេសុីល មុខរបរអ្នករត់តាក់សុី និងជាបុគ្គលិកវីង រស់នៅភូមិកំពង់ឬស្សី ឃុំជីរោទិ៍ ស្រុកត្បូងឃ្មុំខេត្តត្បូងឃ្មុំ និងបច្ចុប្បន្នស្នាក់នៅផ្ទះកើតហេតុ។ ជនសង្ស័យ៖នេះធ្លាប់ជាប់ពន្ធនាគាររយៈពេល១៨ឆ្នាំ ពីបទឃាតកម្ម នៅពន្ធនាគារត្រពាំងផ្លុង។ ជនសង្ស័យ៖បានអះអាងថា បានចូលបម្រើអាវុធហត្ថនៅឆ្នាំ១៩៩៣ វគ្គទី១ បានរត់ចោលជួរនៅឆ្នាំ១៩៩៩។
តាមការស្រាវជ្រាវរបស់ជំនាញបុគ្គលិកកងរាជអាវុធហត្ថលើផ្ទៃប្រទេស ឈ្មោះ អែម នាង មិនមានក្នុងបញ្ជីគ្រប់គ្រងកងរាជអាវុធហត្ថទេ។ ករណីនេះ ជំនាញនគរបាលខេត្តកំពង់ចាមកំពុងបន្តនីតិវិធី៕