សមាគម IPA ជូនដំណឹងដល់ម្ចាស់ផេកឈ្មោះថា “សម្ព័ន្ធសារព័ត៌មានឯករាជ្យខេត្តតាកែវ” និងសាធារណជនទាំងអស់ ចេញផ្សាយថ្ងៃសៅរ៍ ទី១០ ខែធ្នូ ឆ្នាំ២០២២ ការិយាល័យនិពន្ធ 017778289=0882476167
ភ្នំពេញ ៖ នៅយប់ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២២ នេះ សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ បានធ្វើការបង្ហោះសារប្រកាសជូនដំណឹងដល់ម្ចាស់ផេកឈ្មោះ “សម្ព័ន្ធសារព័ត៌មានឯករាជ្យខេត្តតាកែវ” និងសាធារណជនទាំងអស់ ដែលមានខ្លឹមសារយ៉ាងដូច្នេះថា ៖ សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ សូមគោរពជម្រាបជូនដល់បងប្អូនសាធារណជនទាំងអស់មេត្តាជ្រាបថា ៖ ថ្មីៗនេះមានផេកឈ្មោះ “សម្ព័ន្ធសារព័ត៌មានឯករាជ្យខេត្តតាកែវ” ដែលប្រើឈ្មោះស្រដៀងនឹងសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ និងបានយកស្លាកសញ្ញា (Logo) របស់សមាគម ដាក់ធ្វើជាប្រូហ្វាល់ ដោយគ្មានការអនុញ្ញាត ។ ការណ៍នេះបណ្តាឲ្យសាធារណជន ក៏ដូចជាសមាជិក សមាជិការបស់សមាគមមួយចំនួន មានការភាន់ច្រឡំ។
សូមបញ្ជាក់ជូនថា ចាប់តាំងពីសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ទទួលបានអាជ្ញាប័ណ្ណផ្លូវការពីក្រសួងមហាផ្ទៃ នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២ រហូតដល់បច្ចុប្បន្ន សមាគម ពុំទាន់មានគោលការណ៍ និងមិនបានអនុញ្ញាតឲ្យថ្នាក់ដឹកនាំ ឬសមាជិក សមាជិកាណាម្នាក់ មានសិទ្ធិបង្កើតគណនី ឬផេកហ្វេសប៊ុក(Facebook) ដោយប្រើនូវឈ្មោះ និងស្លាកសញ្ញា (Logo) របស់សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ឡើយ។
ក្នុងន័យនេះ សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ (IPA) សូមប្រកាសបដិសេធទាំងស្រុងចំពោះផេកឈ្មោះ “សម្ព័ន្ធសារព័ត៌មានឯករាជ្យខេត្តតាកែវ” គឺមិនមែនជាផេករបស់សមាគមឡើយ ទោះបីផេកនេះ មានឈ្មោះស្រដៀង និងបានប្រើស្លាកសញ្ញារបស់សមាគម ក៏ដោយ ។ ជាមួយគ្នានេះ សមាគម មិនទទួលខុសត្រូវឡើយក្នុងករណីណាមួយ ដែលផេកនេះពាក់ព័ន្ធជាមួយសាធារណជន ឬបានប្រព្រឹត្តខុសច្បាប់នៃព្រះរាជាណាចក្រកម្ពុជា។
ជាមួយគ្នានេះដែរ សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ស្នើដល់អ្នកបង្កើត និងអ្នកដែលប្រើប្រាស់ផេកឈ្មោះ “សម្ព័ន្ធសារព័ត៌មានឯករាជ្យខេត្តតាកែវ” សូមបញ្ឈប់ការយក និងដកស្លាកសញ្ញា (Logo) របស់សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ចាប់ពីពេលជូនដំណឹងនេះតទៅ ។ ក្នុងករណីផេកនេះនៅតែបន្តយកស្លាកសញ្ញា (Logo) របស់សមាគមទៅប្រើប្រាស់ទៀត សមាគមនឹងដាក់បណ្តឹងទៅកាន់អាជ្ញាធរមានសមត្ថកិច្ច ដើម្បីផ្តន្ទាទោសតាមច្បាប់ជាធរមាន។
សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ សូមគោរពជម្រាបជូនដល់សាធារណជនទាំងអស់មេត្តាជ្រាបដែរថា បច្ចុប្បន្ននេះ សមាគម មានផេកផ្លូវការតែមួយប៉ុណ្ណោះ ដែលមានឈ្មោះថា “សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ IPA” ក្រៅពីនេះពុំមែនជារបស់សមាគមឡើយ។
សេចក្តីដូចបានជម្រាបជូនខាងលើនេះ សូមសាធារណជន និងសមាជិក សមាជិកាសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ជាពិសេសម្ចាស់ផេកឈ្មោះ “សម្ព័ន្ធសារព័ត៌មានឯករាជ្យខេត្តតាកែវ” មេត្តាជ្រាបជាព័ត៌មាន៕