ពិធី​ប្រកាស​តែងតាំង​ចូលកាន់​មុខតំណែរ​ជា​អភិបាល នៃ​គណៈ​អភិបាល​ស្រុក​ល្វាឯម ក្រោម​អធិបតីភាព ឯកឧត្តម គង់ សោភ័ណ្ឌ​

កណ្ដាល ៖ ​លោក កន សុខកាយ អភិបាលរង​ស្រុក​ល្វាឯម ត្រូវបាន​ប្រកាស​តែងតាំង​ជា អភិបាល​ស្រុក​ល្វាឯម ជំនួស​លោក ភឹម ភី​រ៉ា ដែល​ត្រូវ​ផ្លាស់ប្ដូរ​ទៅ​កាន់​មុខតំណែង​ជា​អភិបាលរង​ខេត្ត​ក្រចេះ ការប្រកាស​តែងតាំង​នេះ​ធ្វើឡើង កាលពី​រសៀល​ថ្ងៃ​ទី​១១ ខែ​មីនា ឆ្នាំ​២០២០ នៅ​រដ្ឋបាល​ស្រុក​ល្វាឯម ក្រោម​អធិបតីភាព ឯកឧត្តម​គង់ សោភ័ណ្ឌ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កណ្ដាល និង​លោក អ៊ុំ សីហា អនុប្រធាន​ទី​២ ក្រុមការងារ​ថ្នាក់ជាតិ ចុះជួយ​មូលដ្ឋាន​ស្រុក​ល្វាឯម ។​

​ថ្លែង​ក្នុង​ពិធី​នេះ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្ត​កណ្ដាល​បាន ជំរុញ​ដល់​អភិបាលស្រុក​ថ្មី​ត្រូវ​មាន​ភាពស្មោះត្រង់​ជាមួយ​មន្ត្រី​ក្រោម​ឱវាទ និង​ថ្នាក់លើ​ជាពិសេស​ជាមួយ​រាជរដ្ឋាភិបាល បន្ថែម​ពី​នេះ​អភិបាលស្រុក​ថ្មី​ត្រូវ​ស្វែងយល់​អំពី​ច្បាប់​នានា ត្រូវ​រៀនសូត្រ​ពី​ការងារ​ជាក់ស្ដែង រៀនសូត្រ​ពី​ចាស់ទុំ​ដើម្បី​ធ្វើឲ្យ​ការងារទទួល​បានជោ​គ​ជ័យ​កាន់តែ​ប្រសើ​ឡើង​។​

​ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល បានបញ្ជាក់​ថា លោក កន សុខកាយ ជា​មន្ត្រី​មួយ​រូប ដែល​បាន​ប្រឡូក​ក្នុង​ការងា​រនា​ជាច្រើន​នៅ​មូលដ្ឋាន ហើយ​ទទួលបាន​នូវ​បទពិសោធន៍​លើ​ការងារ​ដឹកនាំ និង​ការងារ​គ្រប់គ្រង​ជា​ច្រើន ដោយ​កន្លងមក​លោក​ធ្លាប់​បម្រើ​ការងារ​ជា​ស្មៀន​ឃុំ​ពាម​ឧកញ៉ា​អុង​, ជា​ប្រធាន​ការិយាល័យ​រដ្ឋបាល និង​ហិរញ្ញវត្ថុ​សាលាស្រុក​, ជា​នាយករង​រដ្ឋបាល​សាលាស្រុក និង​ជា​អភិបាលរង​ស្រុក​ល្វាឯម​(​តាំងពី​ឆ្នាំ​២០១៦)​។​

​ឯកឧត្តម គង់ សោភ័ណ្ឌ បាន​បន្តថា ជាងនេះទៅទៀត លោក កន សុខកាយ ធ្លាប់​ទទួល​ការបណ្តុះបណ្តាល​ថ្នាក់​បរិញ្ញាបត្រ និង​បរិញ្ញាបត្រ​ជាន់ខ្ពស់ ផ្នែក​នីតិសាស្ត្រ ហើយក៏​ជា​សិស្ស​មន្ត្រី​ក្រមការ នៅ​សាលា​ភូមិន្ទ​រដ្ឋបាល​ផងដែរ​។ ដោយ​ពិនិត្យ​ទៅ​លើ​លក្ខណៈសម្បត្តិ ចំណេះដឹង បទពិសោធន៍ និង​អតីតភាព​ការងារ​កន្លងមក ទើប រដ្ឋបាលខេត្ត បាន​លើក​សំណើ​ទៅ​ក្រសួង​មហាផ្ទៃ និង រាជរដ្ឋាភិបាល ដើម្បី​ស្នើសុំ​តែងតាំង​លោក កន សុខកាយ ជា​អភិបាល នៃ​គណៈ​អភិបាល​ស្រុក​ល្វាឯម​។​

​ដើម្បី​ធ្វើឲ្យ​ស្រុក​ល្វាឯម មាន​សណ្តាប់ធ្នាប់​សង្គម រក្សាបាន​នូវ​សន្តិសុខ​ល្អ​ជូន​ប្រជាពលរដ្ឋ មាន​ការអភិវឌ្ឍ​រីកចម្រើន​លើ​គ្រប់​វិស័យ​ជា​បន្តបន្ទាប់​ទៀត ឯកឧត្តម​អភិបាលខេត្ត ក៍​បាន​លើកទឹកចិត្ត និង​ជំរុញ​ដល់​ក្រុមប្រឹក្សា​ស្រុក អភិបាលរង​ស្រុក មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និង​ប្រជាពលរដ្ឋ​ទាំងអស់ ក្នុង​ស្រុក​ល្វាឯម សូម​ផ្តល់​ការគាំទ្រ និង​រួម​សហការ​ជាមួយ អភិបាល​ស្រុក​ល្វាឯម​ថ្មី​ឲ្យអស់​ពី​កម្លាំងកាយ​ចិត្ត សំដៅ​ធ្វើឲ្យ​ស្រុក​ល្វាឯម អាច​សម្រេចបាន​នូវ​សមិទ្ធផល​ធំៗ​ជាច្រើន​បន្ថែម​ទៀត​ជូន​ប្រជាពលរដ្ឋ​។​