ភ្លើង​ដុត​សំរាម​បង្ក​អគ្គិភ័យ​ឆាបឆេះ ផ្ទះ​ប្រជាពលរដ្ឋ ៤ ខ្នង​នៅ​ស្រុក​មេមត់​

ខេត្ត​ត្បូងឃ្មុំ ៖ ដោយសារ​ការដុត​ភ្លើង​សំរាម បាន​បង្ករ​គ្រោះមហន្តរាយ យ៉ាង​ធំ​ធ្វើអោយ​លំនៅដ្ឋាន​ចំនួន​៤​ខ្នង និង​ទ្រព្យសម្បត្តិ ជាច្រើន​ទៀត របស់​ប្រជាពលរដ្ឋ​ត្រូវបាន​អគ្គីភ័យ​ឆាបឆេះ អស់​គ្មាន​សល់់​ហើយ​កម្លាំង​សមត្ថកិច្ច ជួយ​អន្តរាគមន៍ បាញ់​ទឹក ពន្លត់ អស់ ១៥ រថយន្ដ ។​

​លោក ហុង គឹម​ហឿន អធិការនគរបាល​ស្រុក​មេមត់​បាន​អោយដឹងថា​ហេតុ​ការ​នេះ បាន កើតឡើង​នៅ​វេលា​ម៉ោង ៩​និង​០០​នាទី​ព្រឹក​ថ្ងៃទី ០៧ ខែ​កុម្ភ​: ឆ្នាំ​២០១៩ ស្ថិតនៅក្នុង​ភូមិ ជាំ​ទ្រៀក ឃុំ​ទ្រមូង ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ​។​

​លោក ហុង គឹម​ហឿន បាន​បន្តថា អគ្គិភ័យ​នេះ​បាន​លេប​ត្របាក់​ផ្ទះ​ប្រជាពលរដ្ឋ​អស់​ចំនួន​៤​ខ្នង និង​ទ្រព្យសម្បត្តិ​ជាច្រើន​ទៀត អស់​ទាំងស្រុង តែ​មិន​បង្ករ​គ្រោះថ្នាក់​ដល់​អាយុជីវិត​មនុស្ស​ឡើយ​។

​លោក​អធិការ​បាន​អោយដឹងថា​ក្នុងការ​ពន្លត់​អគ្គី​ភយ័​នេះ សមត្ថកិច្ច​បាន ប្រើប្រាស់ រថយន្ត ពន្លត់អគ្គីភ័យ អស់​ចំនួន​១៥ គ្រឿង ក្នុងនោះ​មាន : រថយន្ត អធិការ ស្រុក​មេមត់​៩ គ្រឿង និង​រថយន្ត ស្រុក​ពញាក្រែក ចំនួន​៣ គ្រឿង រថយន្ត​ស្រុក​តំបែរ ចំនួន​២ គ្រឿង និង​រថយន្ត ស្នងការ ដ្ឋា​ន​នគរបាល ខេត្ត​ត្បូងឃ្មុំ ចំនួន​១ គ្រឿង សរុប​អស់​ចំនួន​១៥ រថយន្ដ ទើប អគ្គីភ័យ រលត់ អស់​ទាំងស្រុង ។

​លោក​អធិការ​បាន​បញ្ជាក់ថា ចំពោះ​ការ ខូចខាត សមត្ថកិច្ច​នៅ​ពុំ​ទាន់​ដឹង​ច្បាស់​នៅឡើយ​ទេ ព្រោះ​កំពុង​ស្រាវជ្រាវ​សួរនាំ ជនរងគ្រោះ​ដែល​ជា ម្ចាស់ផ្ទះ​ទាំង​៤​ខ្នង​នោះ​និង​កំពុង​រក​មូលហេតុ​ដែល​ផ្តើម​អោយមាន​អគ្គី​ភយ័​នេះ​។ តាម​ប្រភព​ពី​កន្លែងកើតហេតុ​បានអោយដឹងថា ភ្លើង​ផ្តើម​ឆេះ​ពី​ការដុត​សំរាម​នៅ​ខាងក្រោយ​ផ្ទះ​ហើយ​កំទេច​ភ្លើង​ប៉ើង​ឆេះ​រាលដាល​បន្តបន្ទាប់ ៕