សម្តេច​ពញា​ចក្រី ហេង សំរិន អំពាវនាវ​អាជ្ញាធរ​ជួយ​ដោះស្រាយ​បញ្ហា​ប្រឈម​របស់​ប្រជាពលរដ្ឋ ជាពិសេស​គ្រោះរាំងស្ងួត​ខ្វះ​ទឹក​ប្រើប្រាស់ នា​រដូវប្រាំង​នេះ​

(​ត្បូងឃ្មុំ​)៖ សម្តេច​ពញា​ចក្រី ហេង សំរិន ប្រធាន​រដ្ឋា​សភា​កម្ពុជា​កម្ពុជា បាន​អំពាវនាវ​ទៅកាន់​អាជ្ញាធរ​នៅតាម​មូលដ្ឋាន​ទូទាំង​ប្រទេស​ជួយ​សម្រួល​រាល់​បញ្ហា​របស់​ប្រជាពលរដ្ឋ ដែល​កំពុង​ប្រឈម​នាពេល​បច្ចុប្បន្ន​ដូចជា​គ្រោះរាំងស្ងួត ការខ្វះ​ទឹក​ប្រើប្រាស់ និង​ការដឹកជញ្ជូន​ជាដើម​។​

​ការអំពាវនាវ​របស់​សម្តេច ហេង សំរិន បាន​ធ្វើឡើង​ក្នុង​ឱកាស​អញ្ជើញ​ជា​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​ក្នុង​ពិធីបុណ្យ​សម្ពោធ​ឆ្លង​ឧបដ្ឋានសាលា កុដិ និង​សមិទ្ធផល​នានា ក្នុង​វត្ត​សិលា​រង្សី ហៅ​វត្ត ត្រពាំង​ថ្កូវ ភូមិ​ត្រពាំង​រង្សី ឃុំរ​កាព​ប្រាំ ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ នា​ព្រឹក​ថ្ងៃទី​៣១ ខែ​មីនា ឆ្នាំ​២០១៩​នេះ​។​

​ក្នុងឱកាស​នោះ​សម្តេច ហេង សំរិន បាន​គូស​រំលេច​នូវ​បញ្ហា​មួយចំនួន​ដែល​ប្រជាពលរដ្ឋ​កំពុង​ប្រឈម​នាពេល​បច្ចុប្បន្ន ដូចជា​គ្រោះរាំងស្ងួត និង​ការខ្វះ​ទឹក​ប្រើប្រាស់​។​

​សម្តេច​ប្រធាន​រដ្ឋ​បាន បាន​មានប្រសាសន៍​លើក​ដូច្នេះ «​គ្រប់​អាជ្ញាធរ​មូលដ្ឋាន និង​ប្រជាពលរដ្ឋ​រួមគ្នា​ដោះស្រាយ​ដោយ​រក្សា​ឱ្យបាន​នូវ​ប្រភព​ទឹក​ដែល​មាន​ស្រាប់ ការប្រើប្រាស់​សន្សំសំចៃ រិះរក​មធ្យោបាយ​នានា ដើម្បី​ជួយសង្គ្រោះ​ឱ្យបាន​ទាន់​ពេលវេលា​។ បាតុភូត​នេះ ក៏​មិនមែន​កើតមាន​នៅ​តែ​ប្រទេស​យើង​ទេ វា​ជា​បញ្ហា​សកល ដែល​ប្រទេស​ជាច្រើន​ក៏​កំពុង​ប្រឈម​នឹង​បញ្ហា​បរិស្ថាន គឺ​ការខ្វះខាត​ទឹក​ប្រើប្រាស់​»​។​

​ជាមួយគ្នា​នេះ​សម្តេច​ប្រធានរដ្ឋសភា ក៏បាន​អំពាវនាវ​ប្រជាពលរដ្ឋ ថែរក្សា​សុខភាព ធ្វើ​អនាម័យ​ខ្លួនប្រាណ ប្រយ័ត្នប្រយែង​ចំណីអាហារ ដើម្បី​បង្ការ និង​ការពារ​ជំងឺឆ្លង​នានា​។ ឪពុក​ម្តាយ​ត្រូវ​នាំ​កូន​តូចៗ ចាក់​វ៉ាក់សាំង​បង្ការ​ឲ្យបាន​គ្រប់រូប និង​ជំរុញ​ឱ្យ​កុមារ​ទាំង​អស់​ទទួល​ការសិក្សាអប់រំ​គ្រប់ៗ​គ្នា​។​

​ក្នុងឱកាស​នោះ​សម្តេច​ប្រធានរដ្ឋសភា បាន​គាំទ្រ​រាជរដ្ឋាភិបាល​កម្ពុជា ដែល​បាន​អនុម័ត​ទទួលយក​គោលដៅ​អភិវឌ្ឍន៍​សហ​វត្សរ៍ ប្រកបដោយ​ចីរភាព ដូចជា​ការលុបបំបាត់​ភាពក្រីក្រ និង​គ្រោះ​អត់ឃ្លាន​ធ្ងន់ធ្ងរ ការលើកកម្ពស់​សមភា​ព​យេនឌ័រ ការលើកកម្ពស់​សុខភាព​មាតា និង​ទារក និង​ធានា​នូវ​និរន្ត​ភាព​បរិស្ថាន​..​ជាដើម​។ សម្តេច​បាន​សង្កត់ធ្ងន់​ថា រាជរដ្ឋាភិបាល​កម្ពុជា បាន​ប្តេជ្ញាចិត្ត​ក្នុង​ការធ្វើឱ្យ​សម្រេចបាន​នូវ​គោលដៅ​អភិវឌ្ឍន៍​សហ​វត្ស​រ៍​កម្ពុជា តាមរយៈ​ការអនុវត្ត​ផែនការ​យុទ្ធសាស្ត្រ​ចតុកោណ និង​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ ក្នុង​ការកសាង​ប្រទេស​ឱ្យ​រីកចម្រើន​ថែម​ទៀត​។​

​សម្តេច​ពញា​ចក្រី ហេង សំរិន ក៏​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ មន្ត្រីរាជការ បន្ត​លើកកម្ពស់​ស្មារតី​ថែរក្សា សាមគ្គីភាព ឯកភាព​ផ្ទៃក្នុង ប្រកាន់ខ្ជាប់​ប្រពៃណី ស្នេហា​ជាតិ ផ្សារភ្ជាប់​ជាមួយ​ប្រជាជន ត្រូវ​បន្ត​ខិតខំ​ឡើង​ថែម​ទៀត ក្នុង​ការការពារ​សន្ដិ​សុខ សណ្ដាប់ធ្នាប់​សង្គម របៀបរៀបរយ​សាធារណៈ អនុវត្ដ​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​ស្តីពី «​ភូមិ​ឃុំ មាន​សុវត្ថិភាព​»​ខិតខំ​ដោះស្រាយ​ឱ្យបាន​ល្អ​នូវ​ភាព​អសកម្ម​ផ្សេងៗ​ក្នុង​មូលដ្ឋាន ព្រមទាំង​ធ្វើ​យ៉ាងណា​ឱ្យ​សមិទ្ធផល​នានា ដែល​យើង​បាន​កសាង​បាន​ដំណើរការ​ល្អ ថែរក្សា​គង់វង្ស និង​បន្ត​ធ្វើ​ឱ្យ​កាន់តែ​រីកចម្រើន​ឡើង​ថែម​ទៀត​។​

​សម្តេច​បាន​វាយតម្លៃ​ខ្ពស់ ចំពោះ​គំនិត​ផ្តួចផ្តើម និង​កិច្ចខិតខំ​ប្រឹងប្រែង​របស់​ព្រះគ្រូ​ចៅអធិការ ព្រះ​ថេរានុត្ថេរៈ​គ្រប់​ព្រះអង្គ ពុទ្ធបរិស័ទ​ចំណុះជើងវត្ត និង​សប្បុរជន​ជិត​ឆ្ងាយ ទាំងអស់​នៃ វត្ត​សិលា​រង្សី ហៅ​វត្ត ត្រពាំង​ថ្កូវ ដែល​បាន​រួបរួម​សាមគ្គី​គ្នា​យ៉ាង​សស្រាក់សស្រាំ ក្នុង​ការកសាង​សមិទ្ធផល​សំខាន់ៗ​ដ៏​ច្រើន​ក្នុង​ទី​អារាម​នេះ ដែល​ឆ្លុះបញ្ចាំង​ពី​ការ​រួមចំណែក​ដល់​ការអភិវឌ្ឍ​នៅក្នុង​ខេត្ត​ត្បូងឃ្មុំ ឱ្យ​កាន់តែ​មាន​ភាព​សម្បូរបែប និង​កាន់តែ​មាន​ការរីកចម្រើន​ខ្លាំង​ឡើង​ថែម​ទៀត​។​

​សម្តេច​ប្រធានរដ្ឋសភា បាន​គូសបញ្ជាក់ថា ឧប្បដ្ឋានសាលា និង​កុដិ រួមទាំង​សមិទ្ធផល​ផ្សេងៗ​ទៀត ដែល​នឹង​ដាក់​ឱ្យ​ប្រើប្រាស់​នា​ថ្ងៃនេះ បានមក​ពី​ការបរិច្ចាគ​ក្នុង​ទឹកចិត្ត​ជា​សទ្ធា​ជ្រះថ្លា របស់​សប្បុរសជន​ទាំង​ក្នុង និង​ក្រៅប្រទេស រួម​ជាមួយ​លោកយាយ លោកតា បងប្អូន​ពុទ្ធបរិស័ទ​ចំណុះ​ជើងវត្ត​ជិត​ឆ្ងាយ​ទាំងអស់ ក្នុង​គោលដៅ​ចូលរួម​ចំណែក​លើក​ស្ទួយ​វិស័យ​ព្រះពុទ្ធសាសនា​។​

​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន បាន​គូសបញ្ជាក់ថា វត្ត​អារាម គឺ​ជា​ទីកន្លែង​ដ៏​មានតម្លៃ​មហាសាល សម្រាប់​រក្សា​ការ ពារ​អត្តសញ្ញាណ​ជាតិ គម្ពីរ​សាស្ត្រា អក្សរសាស្ត្រ ទំនៀមទម្លាប់​ប្រពៃណី វប្បធម៌​របស់​ជនជាតិ​ខ្មែរ ឱ្យបាន​គង់វង្ស សិ្ថត​ស្ថេរ​ជា​រៀង​រហូត​មក​។ ដោយឡែក ព្រះសង្ឃ ក៏​ជា​តួអង្គ​ដ៏​សំខាន់​ក្នុង​ការអប់រំ​ផ្សព្វផ្សាយ បង្រៀន​ប្រៀនប្រដៅ​ដល់​ពុទ្ធសាសនិក ឱ្យ​ប្រណិបត្តិ​ពុទ្ធឱវាទ ចេះ​ធ្វើ​បុណ្យ ចែក​ទាន សន្សំ​កុសល ស្គាល់​ខុស​ស្គាល់​ត្រូវ ដឹងគុណ​ទោស ដឹង​ល្អ​អាក្រក់ ត្រូវ​ប្រកាន់ខ្ជាប់​តែ​អំពើ​ល្អ វារចាក​ផុតពី​អំពើ​បាប​ទាំងឡាយ​ទាំងពួង​៕