
អធិការនគរបាលស្រុកស្អាង ខេត្តកណ្តាល ដាក់បទបញ្ជាឲ្យកម្លាំងគ្រប់ផ្នែកទាំងអស់ ត្រូវប្រយ័ត្នខណៈចុះបំពេញភារកិច្ច
(កណ្តាល)៖ កម្លាំងគ្រប់ផ្នែកទាំងអស់ ត្រូវមានស្មារតីខ្ពស់ប្រុងប្រយ័ត្នជានិច្ច ពេលចុះបំពេញភារកិច្ច កុំឲ្យមានកំហុសខុសឆ្គង ព្រោះថ្មីៗនេះនៅខេត្តផ្សេង មានការថ្លោះធ្លោយពេលចុះបង្ក្រាប បទល្មើស។ នេះជាការដាក់តាស់តឿនរបស់អធិការនគរបាលស្រុកស្អាង ខេត្តកណ្តាល លោក សេង សុជាតិ។
លោក សេង សុជាតិ បានសំណេះសំណាលជាមួយកងកម្លាំងនៅថ្ងៃទី១ ខែមេសា ឆ្នាំ២០១៩ នៅក្នុងបរិវេណអធិការនគរបាលស្រុកស្អាង ដោយមានកម្លាំងគ្រប់ផ្នែកទាំងអស់ ទូទាំងស្រុកស្អាងមកចូលរួមសរុប១៦៥នាក់។
លោក សេង សុជាតិ បាននិយាយទៅកាន់កម្លាំងទាំងអស់ថា «ការខិតខំបំពេញភារកិច្ចជូនប្រជាពលរដ្ឋទាំងផ្នែកការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងបំពេញបែបបទឯកសារផ្សេងៗ នាពេលកន្លងមក ឃើញថា បងប្អូនមានការនឿយហត់ណាស់ មិនពេលណា នៅទីណានោះទេ បងប្អូនមិនដែលរុញរាឬត្អូញត្អែម្តងណាឡើយ។ ដូច្នេះបងប្អូនត្រូវខិតខំបន្តទៀត ក្នុងនាមយើងជាកងកម្លាំងយើង ត្រូវតែបំរើប្រជាពលរដ្ឋ សេចក្តីរបស់ប្រជាពលរដ្ឋក៏ដូចជាសេចក្តីយើងដែរ ដូច្នេះប្រជាពលរដ្ឋ បានសេចក្តីគឺជាបំណងដ៏ធំរបស់យើងជាកងកម្លាំង»។
លោកបានបន្តថា ពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ នឹងខិតចូលមកដល់នាពេលខាងមុខនេះ ហើយបងប្អូនត្រូវពង្រឹងបន្ថែមតាមគោលដៅនីមួយៗនៅក្នុងមូលដ្ឋាន បែងចែកកម្លាំងឲ្យបានល្អ ហើយត្រូវចេះដូរផ្លាស់គ្នា ដើម្បីឲ្យបានជួបជុំគ្រួសារ១ថ្ងៃម្នាក់ កុំទៅណាទៅទាំងអស់គ្នា មូលដ្ឋានគ្មានកម្លាំងនោះភាពអសន្តិសុខវាងាយនឹងកើតឡើង ត្រូវធ្វើយ៉ាងណាកុំគ្មានអ្នកប្រចាំការ ត្រូវមានកម្លាំងនៅជាប់ជានិច្ច។
ជាពិសេសនោះ លោកបានណែនាំដល់កងកម្លាំងគ្រប់ផ្នែកទាំងអស់ ត្រូវប្រុងប្រយ័ត្នជានិច្ច ពេលចុះបំពេញភារកិច្ចអ្វីមួយ កុំឲ្យមានកំហុសខុសឆ្គង ព្រោះថ្មីៗនេះយើងឃើញស្រាប់ហើយ នៅខេត្តគេផ្សេង គឺមានកំហុសដោយសារការធ្វេសប្រហែស មិនត្រូវប្រើអាវុធផ្តេសផ្តាសដោយមិនមានបទបញ្ជានោះទេ។ ជាចុងក្រោយ លោកបានឧបត្ថម្ភដល់កងកម្លាំងទាំងអស់សរុបជាទឹកប្រាក់ជាង៨លានរៀល៕
