​រដ្ឋបាល​ខេត្ត​កំពត​ទទួល​ស្វាគមន៍​គណៈប្រតិភូ គណៈកម្មការ​ទី​៧ នៃ​រដ្ឋសភា​

(​ខេត្ត​កំពត​)៖ នៅ​ព្រឹក​ថ្ងៃ​ពុធ ៣​កើត ខែ​ជេស្ឋ ឆ្នាំ​កុរ ឯ​កស័ក ព​.​ស ២៥៦៣ ត្រូវ​ថ្ងៃ​ទី ០៥ ខែ មិថុនា ឆ្នាំ​២០១៩ លោក ជាវ តា​យ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពត ទទួល​ស្វាគមន៍​គណៈប្រតិភូ គណៈកម្មការ​ទី​៧ នៃ​រដ្ឋសភា ដឹកនាំ​ដោយ លោក ហ៊ុន ម៉ា​នី ប្រធាន​គណៈកម្មការ​អប់រំ​យុវជន និង​កីឡា ធម្មការ​សាសនា វប្បធម៌ ទេសចរណ៍ នៃ​រដ្ឋសភា​។

​វត្តមាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​នេះ​មាន​៖ លោក លោកស្រី អភិបាលរង​ខេត្ត លោក លោកស្រី ជា​អនុគណៈកម្ម្មការ សមាជិក​គណៈកម្មការ លោក លោកស្រី​គណៈប្រតិភូ​អម​ដំណេី​រ លោក លោកស្រី​ប្រធាន​មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត នាយក នាយករង​រដ្ឋបាលខេត្ត នាយក​ទីចាត់ការ ប្រធាន​អង្គភាព​ចំណុះ​សាលាខេត្ត សរុប​ចំនួន ៥០​នាក់​។​

​យោងតាម​របាយការណ៍ លោក ជាវ តា​យ អភិបាល​ខេត្ត​កំពត បានឱ្យដឹងថា ខេត្ត​កំពត ត្រូវ​បែងចែក​ជា​៨ ក្រុង ស្រុក មាន​ឃុំ​ចំនួន​៨៨ មាន​សង្កាត់​ចំនួន​៥ និង​ភូមិ​ចំនួន​៤៨៨ ដែល​មាន​ផ្ទៃដី​សរុប​៤៨៧៣,២០​គីឡូម៉ែត្រ​ការ៉េ ក្នុង​នោះ​បែងចែក​ជា​ដី​បង្កបង្កើនផល​ចំនួន ១២៦.០០០​ហិកតា ផ្ទៃ​ដី​ស្រែអំបិល​ចំនួន​៣៣៣៣,៦៩​ហិកតា ផ្ទៃ​ដី​លិច​ទឹក​ចំនួន​៣០០០​ហិកតា ដីភ្នំ​ចំនួន ៥២៩០០​ហិកតា មាន​ឆ្នេរសមុទ្រ​ប្រវែង​៦៦,៥​គីឡូម៉ែត្រ មាន​ព្រំដែន​គោក​ជាប់​ជាមួយ​ប្រទេស​វៀតណាម​ប្រវែង​៤៣​គីឡូម៉ែត្រ​។​

​ខេត្ត​មាន​ក្រុមហ៊ុន​វិនិយោគ​ចំនួន​៣៣​ក្រុមហ៊ុន ក្នុងនោះ​ក្រុមហ៊ុន​ឯកជន វិស័យ​កសិឧស្សាហកម្ម​ចំនួន​៤ កំពង់ផែ​ខ្នាតតូច​ចំនួន​៥ ឧស្សាហកម្ម​ចំនួន​៩ ទេសចរណ៍​សណ្ឋាគារ​ចំនួន​៨ ភោជនីយដ្ឋាន​១ និង​តំបន់​សេដ្ឋកិច្ច​ពិសេស​ចំនួន​២ ផលិត​កែច្នៃ​ផល​សមុទ្រ​ចំនួន​១​។​ជាមួយគ្នា​នេះ​នៅ​ចុងឆ្នាំ​២០១៩​នេះ ខេត្ត​កំពត​នឹងត្រូវ​រៀបចំ​បុណ្យ​សមុទ្រ​លើក​ទី​៨ ជុំ​ទី​២ ព្រមទាំង​ពិធីបុណ្យ​ជាតិ​ធំៗ​មួយចំនួនទៀត​តាម​ការចាត់តាំង​ពី​សំណាក់​រាជរដ្ឋាភិបាល​កម្ពុជា​។​

​ឆ្លើយតប​នឹង​កិច្ចការ​នេះ​រដ្ឋបាល​ខេត្ត បាន​ដាក់ចេញ​ផែនការ​សកម្មភាព​សំខាន់ៗ​ជា​អទិភាព​សម្រាប់​ត្រៀមលក្ខណ​:​រៀបចំ​បុណ្យ​ទាំងនេះ​ឱ្យ​បាន​ល្អប្រសើរ និង​ទទួលបាន​ភ្ញៀវ​ទេសចរណ៍​ច្រើនជាង​មុន រួម​ទាំង​មាន​ការបំពាក់​ភ្លើង​បំភ្លឺ​ផ្លូវ​តាម​ទីសាធារណ​: ព្រមទាំង​ការតុបតែង​កែលម្អ​សួនច្បារ ដាំ​ដើមឈើ ជួសជុល​និង​ស្ថាបនា​ផ្លូវ​ក្នុង​ក្រុង កែលម្អ​សោភ័ណភាព​តាម​មាត់​ព្រែក​កំពត និង​រៀបចំ​ឆ្នេរសមុទ្រ នៅ​ឃុំ​បឹង​ទូក ស្រុក​ទឹកឈូ​។​

​ក្នុង​កិច្ច​សំណេះសំណាល លោក ហ៊ុន ម៉ា​នី បាន​គូសបញ្ជាក់ថា ដោយ​អនុលោម​អ្វី​ដែល​ជា​ការងារ​របស់​យើង លោក​សូម​បញ្ជាក់ថា ក្នុង​ការងារ​បោះឆ្នោត​កន្លងមក​ប្រជាពលរដ្ឋ​មិន​បាន​ងាក​មើល​ពី​អតីតកាល​នោះ​ទេ ដោយ​ប្រជាពលរដ្ឋ​បាន​សម្លឹង​ឆ្ពោះទៅមុខ ហើយ​ពួកគាត់​កំពុង​គិត​ថា​តើ​ទៅ​ថ្ងៃមុខ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​គាត់​បាន​គាំទ្រ​យ៉ាង​ពេញទំហឹង​នោះ​នឹង​អភិវឌ្ឍ​អ្វី​បន្ថែមទៀត​។​

​ផ្អែក​ទៅ​លើ​មូលដ្ឋាន​នេះ នីតិប្បញ្ញតិ្ត នៃ​រដ្ឋសភា​របស់​យើង និង​ការចូលរួម​នៃ​ការអំពាវនាវ​របស់​ស​ម្តេច​ប្រធាន​គណបក្ស និង​ការបំពេញ​ការងារ​ទ្វេរ​ដង​ជូន​ទៅ​ដល់​ប្រជាពលរដ្ឋ​។​លោក​ថា ក្នុងនាម​ជា​តំណាងរាស្ត្រ លោក​មាន​តួនាទី​បី ទី​១ គឺជា​អ្នក​ផ្តួចផ្តើម​តាក់តែង​សេចក្តីស្នើច្បាប់ សេចក្តីស្នើ​វិសោធនកម្ម​ច្បាប់ និង​អនុម័ត​ច្បាប់ ,​ទី​២ ជា​អ្នកជំរុញ​និង​តាមដាន​ការអនុវត្ត​ច្បាប់​,​និង​ទី​៣ គឺ​ការចុះ​មូលដ្ឋាន​ស្វែងយល់​សាកសួរ​សុខទុក្ខ​ប្រជាពលរដ្ឋ​តាម​មូលដ្ឋាន តាម​មណ្ឌល ពាំនាំ​នូវ​ទុក្ខ​កង្វល់​និង​ការលំបាក​ផ្សេងៗ​របស់​បងប្អញន​ប្រជាពលរដ្ឋ ដើម្បី​រាយការណ៍​ជូន​រាជរដ្ឋាភិបាល ពិនិត្យ​និង​ចាត់​វិធានការ​ដោះស្រាយ​៕